ព្រះពុទ្ធសាសនា (ត)

លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

អំពីការបំពេញនូវសេចក្ដីល្អ

ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង ប្រៀបដូចជាការងួតទឹកសំអាតកាយ អែការបំពេញនូវ សេចក្ដីល្អប្រៀបដូចជាការស្លៀកពាក់ និង ប្រដាប់តាក់តែងកាយដោយអលង្ការ។ ការបំពេញនូវសេចក្ដីល្អ គឺការបំពេញនូវតួនាទី ហើយការបំពេញនូវតួនាទីធ្វើអោយមាន គុណតំលៃ។ មនុស្សយើងម្នាក់ៗមានតួនាទីច្រើនយ៉ាង គឺតួនាទីជាមនុស្ស តួនាទីជាបុត្រធី តា តួនាទីជាភរិយា រឺជាស្វាមី តួនាទីជាមិត្ដ តួនាទីជាមាតាបិតា តួនាទីជាបព្វជិត៘ កិច្ចការក្នុងតួនាទីដែលត្រូវបំពេញយ៉ាងណានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងប្រាប់ សព្វ គ្រប់ទាំងអស់ដូច្នេះដើម្បីបំពេញនូវតួនាទីរបស់ខ្លួនឈានឆ្ពោះ ទៅរកសេចក្ដីសុខ មនុស្ស គ្រប់គ្នាត្រូវសិក្សាព្រះធម៌ដែលជាពាក្យ ទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ជាប្រយោ ជន៍ដើម្បី ការយល់ត្រូវចំពោះការងារដែលត្រូវធ្វើ និងដើម្បីតំកល់ខ្លួនក្នុងតួនាទីដ៏ប្រពៃ ដែល ជាមុខនាទី របស់ខ្លួនពិតៗ។

គុណតំលៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទី មនុស្សយើងមានជីវិតថ្លៃថ្នូរ ព្រោះធ្វើការតាមតួនាទី បានពេញលេញល្អបរិបូណ៌ មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតំលៃ ដូច្នេះមនុស្ស គ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ក្នុងតួនាទី។ មនុស្សខ្ជិល ដេកលក់មិនបានធ្វើការងារ មនុស្សឈឺក៏មិនបានធ្វើ ការងារ មនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញ មនុស្ស ដែលមិនបានបំពេញនូវតួនាទី របស់ខ្លួនក៏ដូចជាមនុស្សខ្ជិលដេកលក់ មនុស្សឈឺ និងមនុស្សស្លាប់យ៉ាងដូច្នោះដែរ រឺហៅថា ស្លាប់ទាំង រស់ ស្អុយទាំងស្រស់»។

មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាព បំពេញតួនាទីអោយបានពេញលេញ បរិបូណ៌ ដើម្បីកពូននូវគុណ តំលៃនៃជីវិត អោយជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អ ជាគ្រូល្អ ជាសិស្ស ល្អ ជាភរិយាស្វាមីល្អ ជាមិត្ដល្អ ជាចៅហ្វាយនាយល្អ ជាអ្នកបំរើការល្អ ជាពុទ្ធបរិស័ទល្អ ជាប្រជាពលរដ្នល្អ និងអោយជាមនុស្សមានតំលៃសំរាប់សាសនា សំរាប់សង្គមជាតិ។

ពុទ្ធសានិកជនដែលល្អ គឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ចំពោះបព្វជិតត្រូវ បំពេញនូវគន្ថធុរៈ និងវិបស្សនាធុរៈព្រមដោយ ការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនា ជាអុបាសក ជាអុបាសិកា ត្រូវខ្វល់ខ្វាយបំ ពេញកិច្ចការទំនុកបំរុងព្រះសាសនាដោយម៉ឹងម៉ាត់ មក វត្ដដើម្បីជួយកិច្ចការរបស់វត្ដអោយបានពេញដៃ ពេញជើង ធ្វើការដោយចិត្ដស្មោះត្រង់ ត្រូវកសាងខ្លួនអោយទៅ ជាធនធានដ៏ សំខាន់ របស់ព្រះពុទ្ធសាសនា។ កូនដែលជាមនុស្សមានតំលៃរបស់អូវពុកម្ដាយ គឺកូនដែលធ្វើអោយអូវពុកម្ដាយសប្បាយចិត្ដ ជាកូនដែ លអូវពុកម្ដាយស្រលាញ់ដោយសេក្ដីសង្ឃឹម ព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។

អ្នកណាជាមនុស្សដែលឆ្លាត រៀនល្អ រៀនពូកែ ធ្វើប្រយោជន៍អោយដល់ប្រទេសជាតិ ធ្វើអោយលោក គ្រូអ្នកគ្រូសប្បាយចិត្ដ រីករាយដោយបានគិតឃើញថា អាត្មាអញបានផលិតមនុស្សអោយមានប្រយោជន៍ ដល់ប្រទេសជាតិ អ្នកនោះអែងគឺជាសិស្សដែលមានគុណ តំលៃដ៏ថ្លៃថ្លារបស់សាលារៀន។

មិត្ដដែលមានគុណតំលៃ គឺជាមិត្ដដែលនាំមិត្ដអោយផុតពីនរក និងសេចក្ដីក្ដៅក្រហាយ ផ្សេងៗជួយការ ពារមិត្ដអោយផុតពីអន្ដរាយ ណែនាំមិត្ដ ដាស់តឿនមិត្ដ បបួលមិត្ដមករកគុណធម៌ អោយមិត្ដស្ដាប់ធម៌ដែ លជាគ្រឿងអប់រំចិត្ដ។

ម្យ៉ាងទៀត មនុស្សដែលមានតំលៃគឺមនុស្សដែលពឹងបាន ដំបូលផ្ទះមានតំលៃព្រោះធ្វើអោយយើងពឹង បានដោយបិទបាំងនូវកំដៅថ្ងៃ និងទឹកភ្លៀងជាដើម ទោះជាអ្វីៗទៀតក៏ដោ យអោយតែជាទីពឹងបាន គឺសុទ្ធ តែជារបស់មានតំលៃទាំងអស់ យ៉ាងណាមិញមនុស្សយើង ដែលកើតមកហើយ អាចជាទីពឹងបានដល់អ្នក ដទៃរឺអោយអ្នកដទៃពឹងបាន គឺជាមនុស្សមានតំលៃយ៉ាងនេះអែង។

មាតាបីតាមានតំលៃដ៏ក្រៃលែង ព្រោះជាទីពឹងរបស់កូនដែលនៅត្ូចៗ លុះដល់កូនធំឡើងមាតាបិតាពឹង កូនបានវិញ កូនក៏មានតំលៃ ដល់ មាតាបិតាដែរ ដូច្នេះមនុស្សយើងកើតមក ត្រូវធ្វើអោយបានពីរចំណុចសំ ខាន់គឺ មួយទីពឹងអ្នកដទៃ ពីរជាបុគ្គលដែលគេគួរបូជា (អាមិសបូជានិងបដិបត្ដិបូជា) តាមពិតមនុស្សដែល ជាទីពឹង គឺមនុស្សដែលគួរគេបូជា ហ្នឹងអែងដូចជាសាសនាជាទីពឹង ទើបមនុស្ស គោរពបូជាសាសនា។ ការ បំពេញនូវអំពើ ល្អគ្រប់យ៉ាង គឺដើម្បីធ្វើខ្លួនអោយបានជាទីពឹង យ៉ាងហោចណាស់ក៏ត្រូវអោយបានជាទីពឹង នៃខ្លួនអែងដែរ។

អំពីការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត

ការមិនធ្វើនូវបាបទាំងពួង ប្រៀបដូចអ្នកឈឺវៀរចំណីទាស់ ការបំពេញនូវសេចក្ដីល្អ ប្រៀបដូចអ្នកឈឺបរិ ភោគអាហារបំប៉នសុខភាព អែការសំអាតចិត្ដរបស់ខ្លួនអោយបានស្អាត ប្រៀបដូចអ្នកឈឺលេបថ្នាំកំចាត់ បង់នូវរោគអោយបានជាសះស្បើយ។

ការសំអាតចិត្ដអោយស្អាត អាស្រ័យដោយបញ្ញាយល់ដឹងអំពីការពិតនៃជីវិត បញ្ញាធ្វើ កិច្ចកំចាត់បង់នូវ គ្រឿងសៅហ្មងរបស់ចិត្ដ ដូច្នេះក្នុងជីវិតរាល់ថ្ងៃត្រូវអប់រំចំរើនបញ្ញា។ ការពិតនៃជីវិត គឺរមែងមានលាភ រមែងអត់លាភ រមែងមានយស រមែងអត់យស រមែង មានគេសរសើរ រមែងមានគេនិន្ទា រមែងមានសុខ រមែងមានទុក្ខជាធម្មតាតែព្រោះ មិនដឹងការពិតនៃជីវិត ចិត្ដក៏រមែងចំរើនទៅដោយ គ្រឿងសៅហ្មង។ ការ សិក្សាអំពីសេចក្ដី ពិតនៃជីវិតដោយ យោនិសោមនសិការ ជាហេតុនាំអោយចំរើននូវបញ្ញា។

យោនិសោមនសិការ គឺឆ្លាតក្នុងការពិចារណា បានដល់ការពិចារណារកហេតុនៃអ្វីៗដែលបានកើតឡើង ព្រោះអ្វីៗដែលបានកើតឡើង ក្នុងជីវិតសុទ្ធតែត្រឹមត្រូវពិតទៅតាមហេតុ។ ហេតុផលជាច្បាប់ធម្មជាតិ ជា ការពិតនៃជីវិត ជាសច្ចៈធម៌ជាធម្មៈដែលសំរាប់ សិក្សា ដូច្នេះ ហើយយើងត្រូវកែប្រែពីការញាប់ញ័រចំពោះ សេចក្ដីពិតនៃជីវិត ត្រលប់មកជាការសិក្សា អប់រំចំរើនប្រាជ្ញាស្មារតី ក្នុងសេចក្ដី ពិតនៃជីវិតវិញ។

នៅពេលបានលាភយស ក៏ប្រើលាភយសនោះអោយបានសំរេចជាប្រយោជន៍ដល់ខ្លួន អែអ្នកដទៃ បានពាក្យសរសើរក៍មានស្មារតី មិនស្រវឹងវង្វេង ហើយក៏មានកំលាំងចិត្ដ ប្រព្រឹត្ដការងារជាប្រយោជន៍ត ទៅទៀត បានសុខហើយក៏រក្សានូវហេតុនៃសេចក្ដីសុខ នោះនឹងចែកចាយសេចក្ដីសុខអោយទូលំទូលាយ ដល់អ្នកដទៃផងទៀត តែបើអត់លាភរឺវិនាស ទ្រព្យអត់យស រឺអស់យស និន្ទាទុក្ខមកដល់ ត្រូវកំណត់ដឹងថា នេះជាការពិតនៃ ជីវិតហើយត្រូវសិក្សាដោយយោនិសោមនសិការ អោយសំរេចបាននូវប្រយោជន៍ដ៏សំ ខាន់មកវិញកាលណាបើអប់រំបានយ៉ាងនេះអ្វីៗដែលបានមកដល់ជីវិត គឺសុទ្ធតែញ៉ាំងប្រយោជន៍អោយសំ រេចបានទាំងអស់ ដូច្នេះជីវិតមានតែការរីកចំរើនទៅដោយប្រយោជន៍។

សេចក្ដីស្រលាញ់ដោយចន្ទរាគៈ ជាហេតុនៃសេចក្ដីទុក្ខប៉ុន្ដែមានមនុស្សច្រើននាក់យល់ថា សេចក្ដីស្រលាញ់បែបនេះជាហេតុនៃសេចក្ដី សុខនឹងនាំអោយជីវិតមានន័យទៅវិញ បើវត្ថុជាទីស្រលាញ់មានការវិនា សទៅ គេក៏មានទុក្ខសោកដែរ តែនេះគេយល់ថា ទុក្ខ សោក របស់គេកើតឡើង ព្រោះហេតុតែវត្ថុនោះ អែងមានការវិនាសទៅតែប៉ុណ្ណោះដោយ គេពុំបានឃើញតាមសេចក្ដីពិតថា ការស្រលាញ់ ដោយឆន្ទរាគៈ នេះជាហេតុនៃសេចក្ដីទុក្ខ សោកឡើយ។

នៅពេលដែលបាត់បង់អ្វីៗ ដែលជាទីស្រលាញ់ពេញចិត្ដ សត្វលោករមែងមានសេចក្ដីទុក្ខសោកនេះគឺ ជាការបាត់បង់នូវសេចក្ដីសុខតាម ផ្លូវចិត្ដ។ សត្វលោកពុំបានឃើញទោសចំពោះរបស់ដែលជាទីស្រលាញ់ ឡើយ សត្វលោកខំស្វែងរកនូវអ្វីៗដែលបានបាត់ទៅនោះ ដោយប្រើគ្រប់មធ្យោបាយ រហូតហ៊ានធ្វើនូវអំ ពើទុច្ចរិតទៀតផងនេះព្រោះសត្វលោកយល់ថា សេចក្ដីសុខរបស់ខ្លួនវាស្ថិតនៅក្នុងរបស់ ដែលបាត់ទៅនោះ អែង។

សត្វលោកដែលមិនបានសិក្សាអំពីការពិតនៃជីវិតរមែងញាប់ញ័រដូចត្រីនៅក្នុងទីដែលមានទឹកតិចសត្វ លោកផ្ញើសេចក្ដីសុខរបស់ខ្លួនតែ ជាមួយនឹងរបស់ខាងក្រៅ ម្លោះហើយចិត្ដរបស់សត្វលោកត្រូវសៅហ្មង ជានិច្ចដោយឆន្ទរាគៈ ទាំងដែលសៅហ្មង ព្រោះការមិនបាន ឃើញទោសនៃឆន្ទរាគៈទៀតផង។

ការសិក្សាអំពីសេចក្ដីពិតនៃជីវិត កំណត់ដឹងចំពោះរបស់ដែលមិនទៀង រមែងនាំអោយ ឃើញទោសនៃ ឆន្ទរាគៈដែលជាហេតុនៃសេចក្ដី ទុក្ខ និងនាំអោយចិត្ដស្អាតផូរផង់មានភាពភ្លឺស្វាង។ ការពិតនៃជីវិតជាច្បា ប់ហេតុផល ផលរមែងប្រព្រឹត្ដទៅតាមហេតុ ដូច្នេះកិច្ចរបស់ បញ្ញាក្រៅអំពីធ្វើការសំអាតចិត្ដអោយស្អាត ផូរផង់នោះ បញ្ញានៅមានកិច្ចសាងហេតុនៃសេចក្ដីសុខក្នុងជីវិតបាន យ៉ាងសម្បូណ៌ទៀត ផង ព្រោះបញ្ហាបាន យល់អំពីហេតុផលនៃ ធម្មជាតិ។

សរុបប្រយោជន៍នៃព្រះពុទ្ធសាសនា

ការមិនធ្វើអំពើអាក្រក់ទាំងពួង បានផ្ដល់អោកាសដល់ការបំពេញសេចក្ដីល្អ អែការបំពេញសេចក្ដីល្អមាន អុបការៈដល់ការសំអាតចិត្ដ របស់ខ្លួន ជាទីបំផុតនៃព្រហ្មចរិយធម៌ទាំងបី មុខ នេះគឺចិត្ដស្អាតផូរផង់ហ្នឹងអែង ចិត្ដស្អាតផូរផង់មានប្រយោជន៍ដល់ការឈ្នះអស់នូវ ទុក្ខទាំងពួង។

3 ចំលើយ ទៅ “ព្រះពុទ្ធសាសនា (ត)”

  1. ព្រះពុទ្ធសាសនា ជាសាសនាហេតុផល មិនចេះចាស់

  2. This is a dhama page….(@_@)

  3. just wondering how you connect to the internet from the forest? cheers

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.